២ សាំយូ‌អែល 14:5-11 KHSV

5 ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល!

6 ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។

7 ឥឡូវ​នេះ ញាតិ‌សន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​ឲ្យ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សង‌សឹក​ជំនួស​បង‌ប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជ‌ពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេស‌សល់ ហើយ​មិន​ចង់​ទុក​ឲ្យ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់​មាន​កូន​ចៅ បន្ត​ពូជ‌ពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។

8 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​ឲ្យ​សម្រួល​រឿង​នេះ»។

9 ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ព្រះ‌ករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។

10 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្ដី​បន្ទោស​នាង ចូរ​នាំ​គេ​មក​ជួប​យើង គេ​មុខ​ជា​មិន​ហ៊ាន​រក​រឿង​នាង​ទៀត​ទេ»។

11 នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹកជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា: យើង​មិន​ឲ្យ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង​ជ្រុះ​ដល់​ដី​ឡើយ»។