11 មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។
12 លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្ដាលផ្លូវ។ ទាហាននោះសង្កេតឃើញថា ទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវ ដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។
13 នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
14 លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។
15 លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងឲ្យរលំ។
16 គ្រានោះ មានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជម្រាបលោក»។
17 លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។