២ សាំយូ‌អែល 20:2-8 KHSV

2 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​បោះ​បង់​ចោល​ព្រះ‌បាទ​ដាវីឌ នាំ​គ្នា​ទៅ​តាម​លោក​សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​វិញ។ មាន​តែ​ជន‌ជាតិ​យូដា​ប៉ុណ្ណោះ​ដែល​នៅ​ជាប់​ជា​មួយ​ស្ដេច​របស់​គេ ហើយ​តាម​ដង្ហែ​ស្ដេច​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។

3 ពេល​ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដល់​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​រក​ស្រី​ស្នំ​ទាំង​ដប់​នាក់ ដែល​ស្ដេច​បាន​ទុក​ឲ្យ​នៅ​ថែ‌រក្សា​ដំណាក់។ ស្ដេច​យក​ស្រី​ស្នំ​ទាំង​នោះ​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ ហើយ​ចិញ្ចឹម​ពួក​នាង ប៉ុន្តែ ស្ដេច​ពុំ​យាង​ចូល​ទៅ​រក​ពួក​នាង​ទៀត​ឡើយ។ ពួក​នាង​ត្រូវ​គេ​បង្ឃាំង​ឲ្យ​នៅ​ជា​ស្រី​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

4 បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «ចូរ​ប្រមូល​កង‌ទ័ព​យូដា​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​លោក»។

5 លោក​អម៉ា‌សា​ចេញ​ទៅ​ប្រមូល​កង‌ទ័ព​យូដា​តាម​បញ្ជា​របស់​ស្ដេច ប៉ុន្តែ លោក​មក​មិន​ទាន់​ពេល​ដែល​ស្ដេច​បាន​កំណត់​ទុក។

6 ពេល​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់​ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជម្រក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

7 ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី។

8 នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ា‌សា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវ‌ក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។