1 ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្តស្លូតបូត និងដោយចិត្តល្អសប្បុរសមកពីព្រះគ្រិស្ដ*
2 ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។
3 ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ
4 ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត
5 និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្ដវិញ។
6 នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
7 សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។
8 ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9 ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ
10 ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
11 អ្នកដែលនិយាយដូច្នេះ ត្រូវគិតថាពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។
12 យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13 រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។
14 បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ដ យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។
15 យើងមិនអួតខ្លួនហួសកម្រិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចម្រើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង។
16 បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
17 អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ។
18 អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។