២ កូរិន‌ថូស 10 KHSV

លោក​ប៉ូល​ឆ្លើយ​ការពារ​ខ្លួន

1 ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បង‌ប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន​ដោយ​ចិត្ត​ស្លូត‌បូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះ‌គ្រិស្ដ*

2 ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។

3 ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ

4 ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះគិត

5 និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ដ​វិញ។

6 នៅ​ពេល​ណា​បង‌ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

7 សុំ​បង‌ប្អូន​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ អ្នក​នោះ​តោង​គិត​ឲ្យ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ដូច​គាត់​ដែរ។

8 ព្រះ‌អម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង‌ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង‌ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។

9 ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ស្មាន​ថា ខ្ញុំ​មាន​បំណង​បំភ័យ​បង‌ប្អូន តាម​សំបុត្រ​ទាំង​នេះ​ឡើយ

10 ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។

11 អ្នក​ដែល​និយាយ​ដូច្នេះ ត្រូវ​គិត​ថា​ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។

12 យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់​សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!

13 រីឯ​យើង​វិញ យើង​មិន​អួត​ខ្លួន​ហួស​កម្រិត​ទេ គឺ​យើង​ធ្វើ​តាម​កម្រិត​នៃ​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​ឲ្យ​យើង​បាន​មក​ដល់​ស្រុក​បង‌ប្អូន​នេះ។

14 បង‌ប្អូន​ស្ថិត​នៅ​ក្នុង​ព្រំ‌ដែន ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំ‌ដែន​នេះ​ទេ។

15 យើង​មិន​អួត​ខ្លួន​ហួស​កម្រិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង‌ប្អូន​នឹង​ចម្រើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង‌ប្អូន តាម​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង។

16 បន្ទាប់​មក យើង​នឹង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​នៅ​តាម​តំបន់​នានា នៅ​ខាង​នាយ​ស្រុក​បង‌ប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។

17 អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

18 អ្នក​ដែល​គួរ​ឲ្យ​គេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​តែង‌តាំង​នោះ​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13