២ កូរិន‌ថូស 2 KHSV

1 ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បង‌ប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។

2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ?

3 សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង‌ប្អូន មាន​គោល​បំណង​ចៀស‌វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ បង‌ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។

4 ខ្ញុំ​សរសេរ​មក​បង‌ប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សម្តែង​ឲ្យ​បង‌ប្អូន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ខ្ញុំ​ចំពោះ​បង‌ប្អូន។

លោក​ប៉ូល​អត់‌ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ខុស

5 ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បង‌ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។

6 បើ​បង‌ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។

7 សូម​បង‌ប្អូន​អត់‌ទោស​ឲ្យ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក រហូត​ដល់​ទៅ​អស់​សង្ឃឹម។

8 ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា បង‌ប្អូន​ស្រឡាញ់​គាត់។

9 ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បង‌ប្អូន​មើល ចង់​ដឹង​ថា តើ​បង‌ប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។

10 បើ​បង‌ប្អូន​លើក‌លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​លើក‌លែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់‌ទោស​ឲ្យ​នរណា​ម្នាក់) ខ្ញុំ​លើក‌លែង​ទោស​ឲ្យ​គេ ព្រោះ​តែ​បង‌ប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះ‌គ្រិស្ដ

11 ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។

លោក​ប៉ូល​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត

12 ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ ទោះ​បី​ព្រះ‌អម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។

13 ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង‌ប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

14 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ជា‌និច្ច។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះ‌អង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។

15 ចំពោះ​ព្រះ‌ជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រិស្ដ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។

16 ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព​អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?

17 យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13