1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន
2 គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
3 បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។
4 ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។
5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។
6 ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
7 បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
8 ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ
9 ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
10 ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។
11 ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។
12 កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
13 ក៏ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។
14 ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
15 ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួចក៏មិនខ្វះខាតអ្វីដែរ»។
16 សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
17 ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។
18 យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលក្រុមជំនុំ*ទាំងអស់កោតសរសើរ ក្នុងការផ្សព្វផ្សាយដំណឹងល្អ*។
19 មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្តែងឆន្ទៈល្អរបស់យើងដែរ។
20 យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ
21 ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។
22 យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្តគាត់ជាច្រើនលើកច្រើនសា ហើយឃើញថា គាត់ពិតជាមានចិត្តខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់។
23 ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ។
24 ដូច្នេះ សូមបងប្អូនសម្តែងឲ្យក្រុមជំនុំនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។