13 ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។
14 យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។
15 ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឲ្យព្រះគុណបានចម្រើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
16 ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ
17 ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
18 ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។