1 យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។
2 ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត
3 គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។
4 ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។
5 ព្រះជាម្ចាស់ផ្ទាល់បានតម្រូវឲ្យយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។
6 ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់
7 ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។
8 យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។
9 ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ
10 ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
11 ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។
12 យើងមិនតែងតាំងខ្លួនឯងនៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតបនឹងអស់អ្នក ដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។
13 ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថា យើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវ ព្រោះតែបងប្អូន
14 ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។
15 ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
16 ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។
17 ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
18 ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានឲ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នាឲ្យជានានឹងព្រះអង្គវិញដែរ។
19 នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។
20 ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។
21 ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិត*រួមជាមួយព្រះគ្រិស្ដដែរ។