២ កូរិន‌ថូស 7:1-5 KHSV

1 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ* ចាក​ផុត​ពី​សៅ‌ហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

2 សូម​បង‌ប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បង‌ប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បង‌ប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។

4 ខ្ញុំ​ទុក​ចិត្ត​លើ​បង‌ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង‌ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។

5 តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។