2 សូមបងប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។
3 ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។
4 ខ្ញុំទុកចិត្តលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។
5 តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសម្រាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាង គឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ត យើងចេះតែបារម្ភ។
6 ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ទ្រង់បានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។
7 យើងធូរចិត្ត មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសម្រាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្តចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែក ព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
8 ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន)