1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន
2 គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
3 បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។
4 ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។
5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។
6 ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។