កាឡាទី 3:14-20 KCB

14 ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​មាន​ដល់​ពួក​សាសន៍​ដទៃ​ដោយសារ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ ដែល​ជា​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ។​

15 បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា​ សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស​ បើ​គេ​ព្រមព្រៀង​គ្នា​ហើយ​ គ្មាន​អ្នកណា​ម្នាក់​អាច​លុប​ចោល​ ឬ​បន្ថែម​បាន​ឡើយ។​

16 រីឯ​សេចក្ដី​សន្យា​ទាំងឡាយ​នោះ​ត្រូវ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​ទាំងឡាយ»​ ដែល​សំដៅ​លើ​ចំនួន​ច្រើន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​របស់​អ្នក»​ ដែល​សំដៅ​លើ​ចំនួន​តែ​មួយ​ គឺ​ជា​ព្រះគ្រិស្ដ​

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​

18 ព្រោះ​បើ​មរតក​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ​ នោះ​លែង​ពឹង​ផ្អែក​លើ​សេចក្ដី​សន្យា​ទៀត​ហើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​លោក​អ័ប្រាហាំ​តាមរយៈ​សេចក្ដី​សន្យា។​

19 ដូច្នេះ​ ហេតុអ្វី​បាន​ជា​មាន​គម្ពីរ​វិន័យ?​ គម្ពីរ​វិន័យ​ត្រូវ​បាន​បន្ថែម​មក​ដោយ​ព្រោះ​ការ​ល្មើស​ រហូត​ទាល់​តែ​ពូជពង្យ​ដែល​បាន​សន្យា​នោះ​មក​ដល់​ ហើយ‍​គម្ពីរ​វិន័យ​ត្រូវ​បាន​បង្គាប់​មក​តាមរយៈ​ពួក​ទេវតា​ដោយ​ដៃ​របស់​អ្នក​សម្រុះ​សម្រួល​ម្នាក់។​

20 អ្នក​សម្រុះ​សម្រួល​មិន​មែន​សម្រាប់​ភាគី​តែ​ម្ខាង​ឡើយ​ ប៉ុន្តែ​ព្រះជាម្ចាស់​គឺ​មួយ​អង្គ​ប៉ុណ្ណោះ។​