16 រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ
17 ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ
18 ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។
19 ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។
20 អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។
21 ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ
22 តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ