កាឡាទី 3:9-15 KCB

9 ដូច្នេះ​ ពួកអ្នក​ដែល​មាន​ជំនឿ​ក៏​ទទួល​ព្រះពរ​ជាមួយ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។​

10 រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​

11 ដូច្នេះ​ ច្បាស់​ជា​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ដោយសារ​គម្ពីរ​វិន័យ​ឡើយ​ ព្រោះ​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​

12 រីឯ​គម្ពីរ​វិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង‍។​

13 មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​

14 ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​មាន​ដល់​ពួក​សាសន៍​ដទៃ​ដោយសារ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ ដែល​ជា​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ។​

15 បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា​ សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស​ បើ​គេ​ព្រមព្រៀង​គ្នា​ហើយ​ គ្មាន​អ្នកណា​ម្នាក់​អាច​លុប​ចោល​ ឬ​បន្ថែម​បាន​ឡើយ។​