កាឡាទី 5:11-17 KCB

11 បងប្អូន​អើយ!​ បើ​ខ្ញុំ​នៅ​តែ​ប្រកាស​អំពី​ការ​កាត់ស្បែក​ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ត្រូវ​គេ​បៀតបៀន​ដូច្នេះ?​ បើ​ខ្ញុំ​ប្រកាស​ដូច្នោះ​មែន​ នោះ​ឈើ​ឆ្កាង​លែង​ធ្វើ​ឲ្យ​មាន​ការ​ជំពប់​ដួល​ទៀត​ហើយ។​

12 ខ្ញុំ​ចង់​ឲ្យ​ពួកអ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ក្រៀវ​ខ្លួន​ឯង​ទៅ។​

13 បងប្អូន​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​មាន​សេរីភាព​ ប៉ុន្ដែ​កុំ​ប្រើ​សេរីភាព​នោះទុក​ជា​ឱកាស​ដល់​សាច់ឈាម​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​ចុះ​

14 ដ្បិត​គម្ពីរ​វិន័យ​ទាំង​មូល​បាន​សម្រេច​នៅ​ក្នុង​មួយ​ឃ្លា​នេះ​ថា៖​ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង»​

15 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ប្រខាំ​គ្នា​ ហើយ​បំផ្លាញ​គ្នា​ដូច្នេះ​ ចូរ​ប្រយ័ត្ន​ ក្រែង​លោ​អ្នក​រាល់គ្នា​ត្រូវ​វិនាស​ដោយសារ​គ្នា​ឯង។​

16 ដូច្នេះ​ ខ្ញុំ​សូម​ប្រាប់​ថា​ ចូរ​ដើរ​តាម​ព្រះវិញ្ញាណ​ចុះ​ នោះ​អ្នក​មិន​ធ្វើ​តាម​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ​

17 ដ្បិត​សាច់ឈាម​ប៉ង​ប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ​ រីឯ​ព្រះវិញ្ញាណ​ក៏​ទាស់​នឹង​សាច់ឈាម​ដែរ​ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​ធ្វើ​អ្វី​ដែល​អ្នក​រាល់គ្នា​ចង់​ទេ​