43 រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
44 រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។
45 ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត
46 ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។
47 មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។
48 មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។
49 យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។