១ កូរិនថូស 15:5-11 KCB

5 ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ​ រួច​ឲ្យ​សាវក​ទាំង​ដប់ពីរ​ឃើញ​ដែរ​

6 ក្រោយ​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំរយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ។​ ក្នុង​ចំណោម​ពួកគេ​ ​ភាគ​ច្រើន​នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​ហើយ​ដែរ​

7 បន្ទាប់​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ​ រួច​ឲ្យ​ពួក​សាវក​ទាំង​អស់​ឃើញ​ដែរ។​

8 ចុងក្រោយ​បំផុត​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំឃើញ​ដែរ​ សូម្បី​តែ​ខ្ញុំ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​

9 ដ្បិត​ក្នុង​ចំណោម​ពួក​សាវក​ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​ ហើយ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅ​ថា​ជា​សាវក​ផង​ ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​

10 ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​

11 ទោះបី​ខ្ញុំ​ក្ដី​ ឬ​អ្នក​ទាំង​នោះ​ក្ដី​ យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ ហើយ​អ្នក​រាល់គ្នា​ក៏​ជឿ​លើ​ដំណឹង​ល្អ​នោះ​ដែរ។​