១ កូរិនថូស 7:13-19 KCB

13 រីឯ​ប្រពន្ធ​វិញ​ បើ​មាន​ប្ដី​ដែល​មិន​ជឿ​ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយ​នាង​ ចូរ​កុំ​បោះបង់​ប្ដី​ឡើយ​

14 ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​

15 ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​

16 ឱ​ស្រ្ដី​ជា​ប្រពន្ធ​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្ដី​របស់​អ្នក​បាន?​ ឱ​បុរស​ជា​ប្ដី​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក​បាន‍?​

17 ​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​

18 អ្នកណា​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​នៅ​ពេល​កាត់ស្បែក​រួច​ហើយ​ ចូរ​កុំ​ឲ្យ​អ្នក​នោះ​បំបាត់​ស្នាម​ឡើយ​ រីឯ​អ្នកណា​ដែល​ព្រះជាម្ចាស់ត្រាស់ហៅ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​ ចូរ​កុំ​ឲ្យ​កាត់ស្បែក​ឡើយ​

19 ការ​កាត់ស្បែក​ ឬ​ការ​មិន​កាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ​ ប៉ុន្ដែ​ការ​ដែល​សំខាន់​ គឺ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​