១ កូរិនថូស 7:5-11 KCB

5 កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ​ លើកលែង​តែ​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ ដើម្បី​ញែក​ពេល​មួយ​អធិស្ឋាន​ រួច​ហើយ​ត្រូវ​នៅ​ជាមួយ​គ្នា​វិញ​ ក្រែងលោ​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់គ្នា​ដោយ​ព្រោះ​តែ​ទប់​ចិត្ដ​មិន​បាន​

6 ប៉ុន្ដែខ្ញុំ​និយាយ​បែប​នេះ​ទុក​ជា​យោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ​

7 ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដូចជា​ខ្ញុំ​ដែរ​ ប៉ុន្ដែ​ម្នាក់ៗ​មាន​អំណោយទាន​មក​ពី​ព្រះជាម្ចាស់​រៀងៗ​ខ្លួន​ គឺ​ម្នាក់​បែប​នេះ​ ហើយ​ម្នាក់​ទៀត​បែប​នោះ​

8 ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួកអ្នក​នៅ​លីវ​ និង​ពួក​ស្រ្ដី​មេម៉ាយ​ថា​ ប្រសិនបើ​ពួកគេ​នៅ​ដូចជា​ខ្ញុំ​បាន​ នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​

9 ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​

10 ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​

11 ប៉ុន្ដែ​បើ​នាង​ត្រូវ​បែក​ពី​ប្ដី​មែន​ ចូរ​ឲ្យ​នាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត​ ឬ​ត្រូវ​ផ្សះផ្សា​ជាមួយ​ប្ដី​វិញ​ រីឯ​ប្ដី​មិន​ត្រូវ​បោះបង់​ប្រពន្ធ​ឡើយ​