១ កូរិនថូស 9:19-25 KCB

19 ថ្វីបើ​ខ្ញុំ​មិន​ត្រូវ​បម្រើ​មនុស្ស​ណា​មែន​ ប៉ុន្ដែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រលប់​ជា​បាវបម្រើ​ដល់​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​កាន់តែ​ច្រើន‍។​

20 នៅ​ចំពោះ​ជនជាតិ​យូដា​ ខ្ញុំ​ត្រលប់​ដូចជា​ជនជាតិ​យូដា​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ជនជាតិ​យូដា​ រួច​នៅ​ចំពោះ​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ខ្ញុំ​ត្រលប់​ដូចជា​អ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ទោះបី​ខ្ញុំ​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ក៏ដោយ​ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​

21 នៅ​ចំពោះ​ពួកអ្នក​គ្មាន​ក្រឹត្យវិន័យ​ ខ្ញុំ​ត្រលប់​ដូចជា​អ្នក​គ្មាន​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​គ្មាន​ក្រឹត្យវិន័យ​ (‍ខ្ញុំ​មិន​មែន​រស់នៅ​ដោយ​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ​ ដ្បិត​ខ្ញុំ​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ‍)​

22 ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​នៅ​ចំពោះ​ពួកអ្នក​ទន់ខ្សោយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់​យ៉ាង​

23 ​ហើយ​ខ្ញុំ​ធ្វើ​គ្រប់​បែបយ៉ាង​សម្រាប់​ដំណឹង​ល្អ​ ដើម្បី​ឲ្យ​ខ្ញុំ​ត្រលប់​ជា​អ្នក​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ។​

24 អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ នៅ​ក្នុង​ទី​ប្រណាំង​ អ្នក​រត់​ប្រណាំង​ គេ​រត់​ទាំង​អស់​គ្នា​មែន​ ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​រង្វាន់​ ដូច្នេះ​ចូរ​រត់​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។​

25 កីឡាករ​គ្រប់​គ្នា​ដែល​ប្រកួត​បាន​លត់ដំ​ខ្លួន​គ្រប់​បែបយ៉ាង​ ពួកគេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​នឹង​ពុករលួយ​ ប៉ុន្ដែ​យើង​វិញ​ ​គឺ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​មិន​ពុករលួយ​ឡើយ​