26 កងពលរបស់កុលសម្ព័ន្ធអេស៊ើរ ដឹកនាំដោយលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន
27 និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
28 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
29 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។
30 លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។
31 លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។
32 ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។