3 ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
4 ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេទ័ពរបស់ជនជាតិអ៊ីស្រាអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។
5 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។
6 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។
7 នៅពេលប្រមូលផ្ដុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។
8 ពួកបូជាចារ្យជាកូនចៅរបស់លោកអើរ៉ុន ជាអ្នកផ្លុំត្រែ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។
9 ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។