1 ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
2 ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។
3 គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
4 ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
5 ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!