10 លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។
11 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ?
12 តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ?
13 តើទូលបង្គំទៅរកសាច់ឯណាមកឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំ ទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
14 ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។
15 ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។