17 យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយកវិញ្ញាណដែលស្ថិតនៅក្នុងអ្នក ទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុក ក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។
18 ចូរប្រាប់ប្រជាជនថា “ចូរនាំគ្នាញែកខ្លួនឲ្យវិសុទ្ធ សម្រាប់ថ្ងៃស្អែក ព្រោះអ្នករាល់គ្នានឹងមានសាច់បរិភោគ។ អ្នករាល់គ្នាបានយំសោកដាក់ព្រះអម្ចាស់ថា: តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? នៅស្រុកអេស៊ីបពួកយើងសប្បាយជាង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ។
19 អ្នករាល់គ្នាមិនបរិភោគសាច់នោះ តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ
20 អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ព្រះអង្គ ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
21 លោកម៉ូសេទូលថា៖ «កងទ័ពដែលនៅជាមួយទូលបង្គំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើព្រះអង្គប្រទានសាច់ឲ្យពួកគេបរិភោគ ដល់ទៅមួយខែ ដូចម្ដេចបាន!
22 ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគ ក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។
23 ព្រះអម្ចាស់តបមកលោកម៉ូសេវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។