ជន‌គណនា 11:20-26 KHSV

20 អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែត‌ឆ្អន់ ហើយ​ជិន‌ណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះ‌អង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។

21 លោក​ម៉ូសេ​ទូល​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះ‌អង្គ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន!

22 ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។

23 ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។

24 លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជា‌ជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជា‌ជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។

25 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះ‌អង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។

26 មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។