28 ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។
29 លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
30 បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
31 ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កំពស់ប្រមាណពីរហត្ថ។
32 ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។
33 ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។
34 គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត-ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។