3 គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
4 ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
5 ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!
6 ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7 នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។
8 ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
9 ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។