6 ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7 នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។
8 ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
9 ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
10 លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។
11 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ?
12 តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ?