2 អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។
3 លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
4 រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។
5 ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។
6 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សម្តែងឲ្យព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។
7 ចំណែកឯម៉ូសេ ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
8 យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្តែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។