ជន‌គណនា 13:20-26 KHSV

20 ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី‌ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី‌ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ។

21 ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់។

22 ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ី‌ម៉ាន សេសាយ និង​តាល់‌ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ‌ពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។

23 ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែស‌កុល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​ឲ្យ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។

24 គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អែស‌កុល» ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​ទី​នោះ។

25 ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។

26 ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។