23 ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។
24 គេបានដាក់ឈ្មោះកន្លែងនោះថា «ជ្រលងភ្នំអែសកុល» ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
25 ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។
26 ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
27 ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។
28 ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សំបើម។
29 ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។