26 ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
27 ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។
28 ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សំបើម។
29 ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។
30 ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្ដើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជំនះមិនខាន!»។
31 ក៏ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោក នាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។
32 ពួកគេនាំគ្នានិយាយបង្ខូចស្រុក ដែលពួកគេបានទៅសង្កេតមើលនោះប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួកយើងបានឃើញអស់អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។