2 ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
3 ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។
4 ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
5 លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។
6 ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន
7 ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។
8 ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។