27 «តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។
28 ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
29 អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។
30 អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេ ជាកូនរបស់នូន។
31 រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។
32 ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។
33 កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។