29 អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។
30 អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេ ជាកូនរបស់នូន។
31 រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។
32 ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។
33 កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។
34 អ្នករាល់គ្នាបានទៅសង្កេតមើលស្រុក អស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។
35 យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។