16 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោកចូលទៅបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាមួយលោកអើរ៉ុន
17 ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអើរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។
18 ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអើរ៉ុន។
19 លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យសហគមន៍ទាំងមូលឃើញ។
20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
21 «ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។
22 លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។