ជន‌គណនា 16:27-33 KHSV

27 ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។

28 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!

29 ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។

30 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។

31 លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

32 ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។

33 ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។