8 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់!
9 ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ?
10 ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត!
11 ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
12 លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ!
13 លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?
14 លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។