1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2 «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។
3 ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។
4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។
5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
6 លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។