ជន‌គណនា 17:2-8 KHSV

2 «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

3 ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។

4 ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។

5 ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រា‌អែល លែង​ឲ្យ​រអ៊ូ‌រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។

6 លោក​ម៉ូសេ​នាំ​ព្រះ‌បន្ទូល​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។

7 លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។

8 នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អើរ៉ុន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។