ជន‌គណនា 18:13-19 KHSV

13 ផល​ដំបូង​នៃ​ភោគ‌ផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។

14 អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

15 កូន​ដំបូង​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។

16 ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិត‌គូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។

17 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ថ្វាយ​យញ្ញ‌បូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

18 រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។

19 អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។