ជន‌គណនា 18:16-22 KHSV

16 ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិត‌គូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។

17 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ថ្វាយ​យញ្ញ‌បូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

18 រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។

19 អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។

20 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរ‌មត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល។

21 យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22 មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។