ជន‌គណនា 18:21-27 KHSV

21 យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22 មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

23 ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

24 យើង​ប្រគល់​ភោគ‌ផល​មួយ​ភាគ​ដប់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ទុក​ដោយ​ឡែក​សម្រាប់​យើង ឲ្យ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ”»។

25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

26 «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌អម្ចាស់។

27 តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​របស់​គេ​ដែរ។