ជន‌គណនា 18:7-13 KHSV

7 ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ គឺ​បម្រើ​ការ‌ងារ​នៅ​អាសនៈ និង​ការ‌ងារ​ក្នុង​ទី‌សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខ‌ងារ​ជា​បូជា‌ចារ្យ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជា‌ជន​ញែក​ទុក​សម្រាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កំរៃ សម្រាប់​មុខ‌ងារ​ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​បំពេញ ជា​រៀង​រហូត​ត​ទៅ។

9 ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។

10 ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សម្រាប់​អ្នក។

11 ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។

12 យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង​ឲ្យ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។

13 ផល​ដំបូង​នៃ​ភោគ‌ផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។