11 អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
12 គេត្រូវយកទឹកសម្រាប់ធ្វើពិធីជម្រះកាយ មកលាងជម្រះខ្លួន នៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជម្រះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។
13 អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជម្រះកាយទេ អ្នកនោះធ្វើឲ្យព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។
14 នេះជាក្រឹត្យវិន័យស្ដីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
15 រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្របនឹងក្លាយទៅជាសៅហ្មងដែរ។
16 អ្នកណាប៉ះសាកសពដែលស្លាប់នៅទីវាល ស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរ អ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
17 ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។