10 លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បាន ឬមិនបាន?»។
11 លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
12 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្តែងឲ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យពួកគេឡើយ»។
13 គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
14 លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
15 បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។
16 យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។