ជន‌គណនា 20:19-25 KHSV

19 ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ស្ដេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះ‌ករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។

20 ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន‌ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន‌ជាតិ​អ៊ីស្រា‌អែល

21 មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។

22 សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដេស ទៅ​ដល់​ភ្នំ​ហោរ។

23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ភ្នំ​ហោរ ដែល​នៅ​ជាប់​នឹង​ព្រំ‌ប្រទល់​ស្រុក​អេដុម​ថា៖

24 «បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។

25 ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។