23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅភ្នំហោរ ដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖
24 «បន្តិចទៀត អើរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។
25 ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។
26 នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។
27 លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។
28 លោកដោះសម្លៀកបំពាក់ចេញពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ លោកអើរ៉ុនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ លោកម៉ូសេ និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។
29 សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។